ធ្នូ 21, 2022

ធនាគារ SME និងក្រុមហ៊ុន បញ្ជី ហ្វាញថេក បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី16 ខែធ្នូ ឆ្នាំ2021៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បីចូលរួមគាំទ្រដំណើការធុរកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធនាគារ SME) បានសហការជាមួយក្រុមហ៊ុនបញ្ជី ហ្វាញថេក ឯ.ក (BanhJi) ដើម្បីបង្កើនការអនុវត្តសកម្មភាពក្នុងភាពជាដៃគូសហការក្នុងគោលដៅចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ ធនាគារ SME និង Banhji បានប្តេជ្ញាថានឹងរួមគ្នាផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការបង្កើតផលិតផលឌីជីថលថ្មី ផលិតផលផ្នែកហិរញ្ញវត្ថុ ឬដំណើរការសម្រាប់អតិថិជនដែលមានស្រាប់ និងថ្មី ដែលស្របតាមយុទ្ធសាស្រ្តអទិភាពរបស់ធនាគារ។ កិច្ចសហប្រតិបត្តិការនេះរួមបញ្ចូល ទាំងការអភិវឌ្ឍន៍ផលិតហិរញ្ញវត្ថុឌីជីថល និងកម្មវិធីសម្រាប់វិស័យគោលដៅរបស់ធនាគារ SME ថែមទៀតផង។

លោក លឹម អូន អគ្គនាយកនៃធនាគារ SME បានលើកឡើងថា៖ “ធនាគារ SME បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពទាក់ទាញ រួមមានការផ្តល់ឥណទានដែលមានតម្លៃទាប និងលក្ខខណ្ឌអនុគ្រោះដែល ផ្តល់ភាពងាយស្រួលនៅលើទីផ្សារ។ នៅចំពោះមុខ ធនាគារ SME មានផែនការអភិវឌ្ឍបណ្តាញចែកចាយឱ្យបានទូលំទូលាយបន្ថែមទៀតសម្រាប់អតិថិជនគោលដៅ និងដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ធនាគារនឹងវិនិយោគបន្ថែមលើការបើកសាខាថ្មី និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ជាពិសេសការចាប់ដៃគូសហការជាមួយស្ថាប័នផ្សេងៗ ក្នុងគោលបំណងបម្រើសេវាកម្មជូនដល់អតិថិជនដែលជាសហគ្រាសធុនតូច និងមធ្យម ឱ្យបានកាន់តែល្អប្រសើរ”។

លោក ស៊ឹម ចាន់គីរីរ័ត្ន ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុនបញ្ជី មានប្រសាសន៍ថា “ ថ្ងៃនេះពួកយើងពិតជាមានភាពរីករាយណាស់ក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការ ជាដៃគូជាមួយនឹង ធនាគារ SME។ បេសកម្មរបស់ក្រុមហ៊ុនបញ្ជី គីការគាំទ្រ បរិយាប័ន្នហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម ហើយការងារនេះតម្រូវអោយមាន កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យា។ ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនបញ្ជី និង ធនាគារ SME នឹង រួមគ្នាបង្កើតដំណោះស្រាយបែបឌីជីថលនិងមានភាពនវានុវត្តន៍ សម្រាប់បញ្ហាគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម ដែលបានជួបប្រទះជារៀងរាល់ថ្ងៃ។

លោកលឹម អូនបានបន្ថែមទៀតថា៖ “ជាក់ស្តែង នៅពេលនេះ ធនាគារ SME បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ BanhJi ដើម្បីរួមចំណែកក្នុងការគាំទ្រដល់អតិថិជនរបស់ BanJi ឱ្យមានលទ្ធភាពចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ខ្លួនបានដោយជោគជ័យ”។

ក្នុងនាមជាធនាគារពាណិជ្ជ និងជាធនាគារគោលនយោបាយផង ធនាគារ SME តែងតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការអនុវត្តរាល់សកម្មភាពដើម្បីផ្តល់ភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានឥណទានដែលមានតម្លៃសមរម្យ។

បន្ថែម

(ភ្នំពេញ)៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសដើម្បីចូលរួមគាំទ្រដំណើការធុរកិច្ចកម្ពុជា
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុ ប្រទេសជប៉ុន (PRI) ដោយសហការជាមួយអង្គភាពអាជីវកម្មខ្នាតតូច និងឯកជន, សាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «សហគ្រាសបង្កើតថ្មី» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ប្រមាណ ៣៣នាក់។
សៀមរាប, នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ (Annual General Meeting 2024) ក្រោមប្រធានបទ «Grow Strong, Grow Right» នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា
នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយវិស័យកែច្នៃស្វាយចន្ទី នៅកម្ពុជា
នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗនេះ គណៈគ្រប់គ្រងរបស់ធនាគារ SME ដែលដឹកនាំដោយ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារ SME បានទទួលស្វាគមន៍ គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ
សូមស្វាគមន៍មកកាន់ ការសម្ពោធដាក់ឲ្យដំណើរការសាខាទី៤ របស់ធនាគារ SME នៅលើទឹកដីខេត្តត្បូងឃ្មុំ ដែលមានសក្តានុពលសេដ្ឋកិច្ច វិស័យកសិ-ឧស្សាហកម្ម នាព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម...