ឧសភា 19, 2026

ធនាគារ SME រៀបចំសិក្ខាសាលាទី១ នៃកិច្ចសហប្រតិបត្តិការបច្ចេកទេស ដំណាក់កាលទី២ ពីភាគីជប៉ុន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារ SME ឯកឧត្តម សុន សេងហួត ប្រធានគណៈកម្មការតែងតាំង និងផ្តល់តម្លៃការ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ SME បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាទី១ នៃកិច្ចសហប្រតិបត្តិការបច្ចេកទេស ដំណាក់កាលទី២។ សិក្ខាសាលានេះ គឺជាផ្នែកមួយនៃសិក្ខាសាលាសរុបចំនួន ៤ ដែលគាំទ្រ និងផ្តល់ជូនដោយភាគីជប៉ុន ដោយផ្តោតសំខាន់លើការវិភាគឥណទាន និងការគ្រប់គ្រងហានិភ័យឥណទាន។

សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ ធនាគារ SME, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច និងសាជីវកម្មហិរញ្ញវត្ថុ ជប៉ុន ដោយផ្តោតសំខាន់លើប្រធានបទស្តីពី «ការវិភាគរំហូរសាច់ប្រាក់ (Cash Flow Analysis), ការវិភាគការវិនិយោគមូលធន (Capital Investment Analysis), និងគំរូវាយតម្លៃពិន្ទុឥណទាន (Credit Scoring Models)» ក្នុងគោលបំណងពង្រឹងសមត្ថភាព និងវិធីសាស្ត្រ ក្នុងការវាយតម្លៃឥណទាន ប្រកបដោយការប្រុងប្រយ័ត្ន និងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពក្នុងវិស័យធនាគារ ដើម្បីពង្រឹងប្រតិបត្តិការ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ឱ្យកាន់តែរីកចម្រើន។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម សុន សេងហួត បានលើកឡើងថា «កិច្ចសហប្រតិបត្តិការនាពេលកន្លងមក បាន និងកំពុងរួមចំណែកគួរឱ្យកត់សម្គាល់ ដល់ការពង្រឹងសមត្ថភាពស្ថាប័ន និងវិជ្ជាជីវៈគ្រប់គ្រងឥណទានរបស់ធនាគារ SME ជាពិសេស លើការវិភាគឥណទានសហគ្រាសធុនតូច និងមធ្យម, ការគ្រប់គ្រងហានិភ័យ និងការអនុវត្តការផ្តល់ ឥណទានប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចំគោលដៅអាទិភាព។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការបច្ចេកទេស ដំណាក់កាលទី១ បានរៀបចំសិក្ខាសាលាទាំង ៤ លើក ធ្វើនៅរាជធានីភ្នំពេញ និង ១ លើក ធ្វើនៅប្រទេសជប៉ុន បានផ្តល់ដល់បុគ្គលិក និងថ្នាក់ដឹកនាំ រួមទាំងក្រុមប្រឹក្សាភិបាល នូវបទពិសោធន៍ដ៏មានតម្លៃ ដែលកើតចេញពីការអនុវត្តជាក់ស្តែង នៃដំណើរការវាយតម្លៃ និងការផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម នៅប្រទេសជប៉ុន។

ក្នុងខ្លឹមសារដ៏មានសារៈសំខាន់នោះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុប្រទេសជប៉ុន និងអង្គភាពសាជីវកម្មខ្នាតតូច និងសាជីវកម្មហិរញ្ញវត្ថុជប៉ុន (PRI & JFC-Micro) សម្រាប់កិច្ចសហប្រតិបត្តិ និងភាពជាដៃគូរយៈពេលវែងដ៏មានសារសំខាន់នេះ។»

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នាយកសាខា និងបុគ្គលិកធនាគារ SME សរុបចំនួន ៤0 រូប។

បន្ថែម

ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តំណាងដោយ លោក លឹម អូន ជាអគ្គនាយក និងក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា)
នាថ្ងៃទី២១ និង២២ ខែមិថុនា ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) សហការជាមួយ វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន, សាជីវកម្មហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច (JFC-Micro) បានរៀបចំ...
គណនីបញ្ញើសន្សំគឺជាគណនីមួយប្រភេទដែលអនុញ្ញាតឱ្យអតិថិជនអាចដាក់សាច់ប្រាក់សន្សំដើម្បីសុវត្ថិភាពនិងទទួលបានការប្រាក់ជារៀងរាល់ខែដោយស្វ័យប្រវត្តិហើយអាចដកសាច់ប្រាក់វិញបានតាមតម្រូវការដោយប្រើប្រាស់សៀវភៅប្រាក់បញ្ជើសម្រាប់កត់ត្រារាល់ប្រតិបត្តិការគណនី ឬ ប្រើប្រាស់ប័ណ្ណព័ត៌មាន គណនីសម្រាប់បញ្ជាក់អត្តសញ្ញាណនៃគណនី។
នាព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ គណៈគ្រប់គ្រងនៃធនាគារ SME ដឹកនាំដោយ លោកបណ្ឌិត លឹម អូន ជាអគ្គនាយក បានទទួលស្វាគមន៍គណៈប្រតិភូទាំង ១៦រូប ពីធនាគារកណ្តាល នៃប្រទេសឡាវ, ថ្នាក់ដឹកនាំនៃគម្រោង Lao Access to Finance Fund (LAFF),...