ភ្នំពេញ៖ រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦, ធនាគារ SME និងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា តំណាងដោយ លោក ជា សុភ័ក្ត អគ្គនាយក ធនាគារ SME និងលោកជំទាវឧកញ៉ាបណ្ឌិត កែ មុំ ប្រធាន CPMEC។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងជំរុញការផ្សព្វផ្សាយ និងផ្តល់ហិរញ្ញប្បទាន មានលក្ខខណ្ឌអនុគ្រោះដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាមាជិក CPMEC សម្រាប់ប្រើប្រាស់ជាទុនបង្វិល ឬការវិនិយោគ ក្នុងការពង្រីកផលិតកម្ម និងទីផ្សារ។ បន្ថែមលើនេះ កិច្ចសហការនេះរំពឹងថា នឹងពង្រីកវិសាលភាពលើសពីការផ្តល់ហិរញ្ញប្បទាន (beyond financing) មានជាអាទិ៍ ការបណ្តុះបណ្តាល, ការចែករំលែកព័ត៌មាន និងការសម្របសម្រួលការចុះបញ្ជីអាជីកម្ម ជាដើម។
ជាមួយគ្នានេះ ស្ថាប័នទាំងពីរបានប្តេជ្ញាជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះឱ្យមានប្រសិទ្ធភាពខ្ពស់ ផ្សារភ្ជាប់នឹងការផែនការត្រួតពិនិត្យ និងរបបប្រជុំទៀងទាត់។