តុលា 21, 2026

នំវិចិត្របុត្រា៖ លើកស្ទួយនំពារប្រពៃណី បង្កើតតម្លៃពីផលិតផលក្នុងស្រុក និងគាំទ្រកសិករខ្មែរ

នៅក្នុងខេត្តបន្ទាយមានជ័យ សិប្បកម្ម «នំវិចិត្របុត្រា» កំពុងបង្ហាញពីសក្តានុពលនៃសហគ្រាសក្នុងស្រុក តាមរយៈការផលិតនំពារប្រពៃណីចម្រុះរហូតដល់ ៩ រសជាតិ ដោយផ្សារភ្ជាប់រសជាតិដើមជាមួយនឹងការច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ។

សិប្បកម្មនេះត្រូវបានបង្កើតឡើងដោយ លោក រស់​ វិចិត្រ ដែលផ្តើមចេញពីក្តីស្រឡាញ់ និងថែរក្សារសជាតិនំពារប្រពៃណី និងអភិវឌ្ឍផលិតផលខ្មែរឱ្យកាន់តែមានភាពទាក់ទាញ។ ក្នុងដំណើរការផលិត សិប្បកម្ម​បានយកចិត្ត​ទុកដាក់លើការ​ជ្រើសរើសគ្រឿងផ្សំ ការរៀបចំ និងការវេចខ្ចប់ ដោយផ្តោតលើអនាម័យ និងគុណភាពផលិតផល។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដែលប្រមូលទិញផ្ទាល់ពីកសិករក្នុងតំបន់។ ការអនុវត្តនេះមិនត្រឹមតែជួយបង្កើតទីផ្សារសម្រាប់ផលិតផលកសិកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនឱកាសចំណូលដល់កសិករ និងជំរុញការតភ្ជាប់រវាងវិស័យកសិកម្ម និងវិស័យកែច្នៃម្ហូបអាហារផងដែរ។

នំវិចិត្របុត្រា រសជាតិដែលលោកអ្នកចង់ភ្លក់លើសពី២ដងក្នុង១ថ្ងៃ!😋

ដំណើររបស់សិប្បកម្មនំវិចិត្របុត្រា គឺជាឧទាហរណ៍មួយនៃការប្រើប្រាស់ធនធានក្នុងស្រុក ដើម្បីបង្កើតផលិតផលមានតម្លៃបន្ថែម ព្រមទាំងរួមចំណែកថែរក្សាម្ហូបអាហារប្រពៃណី និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។