ភ្នំពេញ៖ រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ – ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ SME បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការនៃ “មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល” (Energy Efficiency Revolving Fund – EERF) ដែលត្រូវបានរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចពីសារសំខាន់ នៃគំនិតផ្តួចផ្តើមបង្កើតមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ដែលជាវិធានការអន្តរាគមន៍ប្រកបដោយភាពប្រាកដនិយម ក្នុងការដោះស្រាយបញ្ហប្រឈម នៃកង្វះទុនវិនិយោគ និងហិរញ្ញប្បទានការប្រាក់សមរម្យ គាំទ្រដល់ការលើកកម្ពស់ការអភិវឌ្ឍថាមពលស្អាត ប្រកបដោយចីរភាព និងបរិយាបន្ន ដែលបានកំណត់ក្នុងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងនេះ ជាពិសេស កិច្ចសហការជិតស្និតរវាងតួអង្គពាក់ព័ន្ធទាំងអស់ រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី, ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា, ស្ថាប័នរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (Participating Financial Institutions) មានជាអាទិ៍ ធនាគារ CIMB និង FTB ព្រមទាំង បានលើកទឹកចិត្តឱ្យវិស័យឯកជន ជាពិសេស សហគ្រាសធុនតូច និងមធ្យម ស្នើឥណទានក្រោមមូលនិធិនេះយកទៅវិនិយោគលើឧបករណ៍/បរិក្ខារ ដែលជួយដល់ការបង្កើនប្រសិទ្ធភាពថាមពលក្នុងប្រតិបត្តិការអាជីកម្មរបស់ខ្លួន។