ធ្នូ 21, 2022

ធនាគារ SME និងសហគ្រិនខ្មែរ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ លើការចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១៖ ដើម្បីបន្តការគាំទ្រយ៉ាងសកម្មដល់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ច​ឡើងវិញ​អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បីចូលរួមគាំទ្រដំណើការធុរកិច្ចកម្ពុជា​ប្រកបដោយ​និរន្តរភាព ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានសហការជាមួយសហគ្រិនខ្មែរ ដើម្បី​បង្កើន​​​ការអនុវត្ត​សកម្មភាពក្នុងភាពជាដៃគូសហការក្នុងគោលដៅចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុន​តូច និងមធ្យម​​នៅ​កម្ពុជា។

 

ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហគ្រិនខ្មែរ បានប្តេជ្ញាថា​នឹង​រួមគ្នាផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈ (១)​ ការចូលរួមក្នុងសកម្មភាព និងកម្មវិធី​ដែល​រៀបចំ​ឡើងក្នុងគោលបំណងលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ឬសហគ្រិនភាពនៅ​កម្ពុជា (២)​ ធនាគាសហគ្រាសធុនតូច និងមធ្យម កម្ពុជានឹងផ្តល់ឥណទានដោយគ្មានវត្ថុបញ្ចាំ រហូតដល់ ៥០.០០០ ដុល្លារអាមេរិក ដល់សហគ្រាសធុនតូច និងមធ្យម ណាដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់ A និង B ក្នុងការប្រកួតប្រជែង​ក្នុង​កម្មវិធី​ដែលបានរៀបចំឡើងដោយសហគ្រិនខ្មែរ និងត្រូវបានសហគ្រិនខ្មែរណែនាំមកទទួល​ឥណទាននៅធនាគារ​សហគ្រាសធុនតូច និងមធ្យម កម្ពុជា (៣) ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នឹង​ពួត​ដៃ​គ្នា​ជាមួយ​សហគ្រិន​ខ្មែរ ដើម្បីធ្វើការលើកកម្ពស់ និងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុន​តូច និងមធ្យម​នៅកម្ពុជា (៤) ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហគ្រិន ខ្មែរ នឹងធ្វើសកម្មភាពផ្សព្វផ្សាយរួមគ្នា ដើម្បីចែករំលែកព័ត៌មានស្តីពីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

 

លោក លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានលើកឡើងថា៖ “ធនាគារសហគ្រាស​ធុនតូច និងមធ្យមកម្ពុជា បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពទាក់ទាញ រួមមានការផ្តល់​ឥណទាន​ដែល​មាន​តម្លៃ​ទាប និងលក្ខខណ្ឌអនុគ្រោះដែលផ្តល់ភាពងាយស្រួលនៅលើទីផ្សារ។ នៅចំពោះមុខ ធនាគារ​សហគ្រាសធុនតូច និងមធ្យម កម្ពុជា​ មានផែនការអភិវឌ្ឍបណ្តាញចែកចាយ​ឱ្យបានទូលំទូលាយ​បន្ថែម​ទៀត​​សម្រាប់​អតិថិជនគោលដៅ និងដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ធនាគារនឹងវិនិយោគបន្ថែម​លើ​ការ​បើក​សាខាថ្មី និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ជាពិសេសការចាប់ដៃគូសហការជាមួយស្ថាប័នផ្សេងៗ ក្នុងគោលបំណងបំរើសេវាកម្មជូនដល់អតិថិជនដែលជាសហគ្រាសធុនតូច និងមធ្យម ឱ្យបានកាន់តែល្អប្រសើរ”។

 

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងសហគ្រិនខ្មែរ និងធនគារសហគ្រាសធុនតូច និងមធ្យមជាព្រឹត្ដិការណ៍ដ៏សំខាន់មួយនៅក្នុងប្រព័ន្ធអេកូឡូស៊ី​សហគ្រិនភាព ដែលកិច្ចសហប្រតិបត្ដិការនេះនឹងពង្រឹងការគំាទ្រដល់សហគ្រិន, ធុរកិច្ចបង្កើតថ្មី និង​សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជាក្នុងការទទួលបានហរិញ្ញប្បទាន។ លើសពីនេះទៅទៀត ​សហគ្រិនខ្មែរក៏សូមលើកទឹកចិត្ដធនាគារពាណិជ្ជទាំងអស់ក្នុងការគាំទ្រគោលនយោបាយរបស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយការទទួលបានហិរញ្ញប្បទានឲ្យបានប្រសើរជាងមុន, សម្រួលនីតិវិធី និងមានលក្ខន្ដិកអំណោយផលសម្រាប់តម្រូវការហិរញ្ញប្បទានរបស់ធុរកិច្ចបង្កើតថ្មី និង​សហគ្រាសធុនតូច និងមធ្យម ដែលកិច្ចការនេះនឹងចូលរួមចំណែកក្នុងការស្ដារឡើងវិញនូវសេដ្ឋកិច្ចរបស់​ប្រទេសកម្ពុជា។”

 

លោកលឹម អូនបានបន្ថែមទៀតថា៖ “ជាក់ស្តែង នៅពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បាន​ចុះ​ហត្ថលេខា​​លើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហគ្រិនខ្មែរ ដើម្បីរួមចំណែកក្នុងការកសាងសហគ្រិនភាព ជាពិសេសការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិន ក៍ដូចជាសហគ្រាសធុនតូច និងមធ្យម ដែលធ្លាប់ទទួលបាន​ការ​បណ្តុះបណ្តាលពីសហគ្រិនខ្មែរ ឱ្យមានលទ្ធភាពចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ខ្លួនបានដោយជោគជ័យ”

 

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់​ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដើម្បីពង្រីកប្រតិបត្ដិការអាជីវកម្មរបស់ខ្លួន ដែលរឿងនេះនៅបន្ដជាឧបសគ្គចំបងមួយក្នុងចំណោមឧបសគ្គផ្សេងៗ​នៅក្នុងប្រទេសកម្ពុជា។ ដោយគួបផ្សំនឹងការបណ្ដុះបណ្ដាលសមត្ថភាព សហគ្រិនខ្មែរសង្ឃឹមថាការ​សម្របសម្រួលក្នុងការទទួល​បានហិរញ្ញប្បទានប្រសើរជាងមុននឹងជួយធ្វើឲ្យប្រសើរឡើងនូវអេកូឡូស៊ីធុរកិច្ច​ក្នុងប្រទេសកម្ពុជា។​

 

ក្នុងនាមជាធនាគារពាណិជ្ជ និងជាធនាគារគោលនយោបាយផង​ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តែងតែ​​ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការអនុវត្តរាល់សកម្មភាពដើម្បីផ្តល់ភាពងាយស្រួល​ដល់សហគ្រាស​​ធុនតូច និងមធ្យម ក្នុងការទទួលបានឥណទានដែលមានតម្លៃសមរម្យ។​

បន្ថែម

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ
នារសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ SME សហការជាមួយនឹង សមាគម ស្វាយចន្ទី កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “លទ្ធភាពទទួលបានហិរញ្ញប្បទាន និង ការត្រៀមខ្លួនដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារ SME” ក្នុងគោលបំណង...
សៀមរាប, ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសកម្មភាពជាក្រុម និងសប្បុរសធម៌ តាមរយៈកម្មវិធីជិះកង់រួមគ្នា នៅតំបន់ប្រាសាទអង្គរវត្ត
គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចំនួន ១០នាក់ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅទីក្រុងតូយ្យូ នៃប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែឧសភា ឆ្នាំ២០២៤។