July 22, 2026

ធនាគារ SME ចូលរួមដាក់ស្តង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍ «យុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំង»

ភ្នំពេញ៖ ធនាគារ SME មានកិត្តិយសចូលរួមដាក់ស្តង់ពិព័រណ៍ក្នុងមហាព្រឹត្តិការណ៍ «យុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំង» (Cambodia Food Expo 2026) ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ «យុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំង» គឺជាចលនាដ៏មានសារៈសំខាន់ក្នុងការរួបរួមកម្លាំងពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់តម្លៃអាហារខ្មែរ ជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ពង្រឹងស្តង់ដាផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រិនខ្មែរ ទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ការចូលរួមរបស់ ធនាគារ SME ក្នុងមហាព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាពិសេសអាជីវកម្មក្នុងវិស័យម្ហូបអាហារ កសិ-ឧស្សាហកម្ម និងផលិតកម្មក្នុងស្រុក ឱ្យមានលទ្ធភាពពង្រីកខ្លួន បង្កើនគុណភាពផលិតផល និងពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្រប និងការគាំទ្រផ្នែកប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម។

ធនាគារ SME ចូលរួមកម្មវិធី «ទិវាដាំដើមឈើ» នៅវិទ្យាល័យ ជា ចាន់តូ

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសដែលបានចូលរួមក្នុងកម្មវិធី «ទិវាដាំដើមឈើ» នៅវិទ្យាល័យ ជា ចាន់តូ ដែលរៀបចំឡើងដោយធនាគារជាតិ នៃកម្ពុជា។ ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា។ ការចូលរួមរបស់ ធនាគារ SME ក្នុងកម្មវិធីនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការចូលរួមថែរក្សាបរិស្ថាន បង្កើនគម្របពណ៌បៃតង និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ។ ទន្ទឹមនឹងនេះ ធនាគារ SME ក៏បន្តគាំទ្ររាល់គំនិតផ្តួចផ្តើមដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការកសាងសហគមន៍បៃតងសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។

ធនាគារ SME ចូលរួមឧបត្ថម្ភក្នុងកម្មវិធី «ជំនួបបណ្តាញធុរកិច្ច»

ភ្នំពេញ៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសចូលរួមឧបត្ថម្ភក្នុងកម្មវិធី «ជំនួបបណ្តាញធុរកិច្ច (Business Networking Night)» ដែលរៀបចំដោយ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) នៅសណ្ឋាគារ Raffles Le Royal។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងពង្រីកបណ្តាញអាជីវកម្ម បង្កើតឱកាសសហការ លើកកម្ពស់ផលិតផល និងសេវាកម្មរបស់សមាជិកា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាញធុរកិច្ចទាំងក្នុង និងក្រៅប្រទេស។ ក្នុងឱកាសនេះ ក៏មានការប្រកាសបើកជាផ្លូវការនូវ យុទ្ធនាការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់សមិទ្ធផលរបស់សហគ្រិនស្ត្រីនៅកម្ពុជា។

ធនាគារ SME រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្នែកលក់ប្រចាំត្រីមាសទី២

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME បានដឹកនាំកិច្ចប្រជុំ «បូកសរុបលទ្ធផលការងារផ្នែកលក់ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦» ដោយមានការចូលរួមពីសំណាក់នាយកប្រតិបត្តិ នាយកនាយកដ្ឋាន ប្រធានសាខា ប្រធានផ្នែកទំនាក់ទំនងអតិថិជន និងប្រធានផ្នែកវិភាគឥណទាន។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី២ ព្រមទាំងពិភាក្សា និងដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តអាជីវកម្មបន្តសម្រាប់ត្រីមាសទី៣ និងត្រីមាសទី៤ ដើម្បីធានាឱ្យបាននូវការសម្រេចបានតាមផែនការអាជីវកម្មប្រចាំឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរ កិច្ចប្រជុំបានបើកវេទិកាពិភាក្សា ដែលបុគ្គលិកលើកឡើងនូវបញ្ហាប្រឈម ស្វែងរកដំណោះស្រាយរួម និងផ្លាស់ប្តូរពិសោធន៍ការងារ សំដៅពង្រឹងគុណភាពសេវាកម្ម និងឆ្លើយតបទៅនឹងតម្រូវការរបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងវិស័យអាទិភាព តាមរយៈការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អប្រសើរ និងទាន់ពេលវេលា។  ជាមួយគ្នានេះផងដែរ ធនាគារ SME ក៏បានរៀបចំពិធីប្រគល់ វិញ្ញាបនបត្រសរសើរ ជូនដល់បុគ្គលិកផ្នែកលក់ឆ្នើមប្រចាំខែ ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង សមិទ្ធផលការងារ និងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ។

ធនាគារ SME រៀបចំកិច្ចប្រជុំ TOWN HALL លើកទី៣

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារ SME បានដឹកនាំកិច្ចប្រជុំពាក់កណ្តាលឆ្នាំ២០២៦ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងបង្ហាញទិសដៅការងារសម្រាប់ឆមាសទី២ ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ កិច្ចប្រជុំនេះមានគោលបំណងបង្ហាញអំពីវឌ្ឍនភាពការងារ សមិទ្ធិផលដែលសម្រេចបាន និងទិសដៅអាជីវកម្មរបស់ធនាគារ SME ក្នុងឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងលើកឡើងពីផែនការយុទ្ធសាស្ត្រសម្រាប់ការអនុវត្តនៅឆមាសទី២។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានរួមចំណែកពង្រឹងការប្រាស្រ័យទាក់ទងផ្ទៃក្នុង លើកកម្ពស់ការយល់ដឹងរួម និងជំរុញការចូលរួមរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងសម្រេចគោលដៅរួមរបស់ធនាគារ។ ជាមួយគ្នានេះដែរ បុគ្គលិកក៏មានឱកាសផ្លាស់ប្តូរយោបល់ សាកសួរ និងចែករំលែកទស្សនៈដោយបើកចំហជាមួយគណៈគ្រប់គ្រងផងដែរ។ ជាទីបញ្ចប់ លោក ជា សុភ័ក្ត បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំនេះយ៉ាងសកម្ម និងបានអំពាវនាវឱ្យបន្តសាមគ្គីភាព ខិតខំអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់ធនាគារ។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ SME ក្នុងការបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើនភាពប្រកួតប្រជែងរបស់សហគ្រាស និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។