July 6, 2026

ធនាគារ SME ចូលរួមឧបត្ថម្ភក្នុង ពិធីសម្ពោធ «ផ្សារខ្មែរ MSME Hub ទួលពង្រ»

ភ្នំពេញ៖ ធនាគារ SME មានកិត្តិយសចូលរួមឧបត្ថម្ភក្នុងពិធីសម្ពោធ «ផ្សារខ្មែរ MSME Hub ទួលពង្រ» ដែលរៀបចំឡើងដោយ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CMPEC)។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៦។ ការបង្កើត «ផ្សារខ្មែរ» គឺជាចលករដ៏សំខាន់មួយក្នុងការពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក ដោយផ្តល់ឱកាសឱ្យម្ចាស់អាជីវកម្មខ្មែរបានភ្ជាប់ផលិតផលរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់កាន់តែទូលំទូលាយ។ ធនាគារ SME ជឿជាក់យ៉ាងថា សហគ្រិនខ្មែរមានសមត្ថភាព ភាពច្នៃប្រឌិត និងសក្តានុពលខ្ពស់ ក្នុងការផលិតផលិតផលដែលមានគុណភាព ស្របតាមស្តង់ដារ និងអាចប្រកួតប្រជែងបានទាំងក្នុង និងក្រៅប្រទេស។ ធនាគារ SME នឹងបន្តសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម និងជំរុញឱ្យសហគ្រាសខ្មែររីកចម្រើនប្រកបដោយចីរភាព។

ធនាគារ SME និងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា​ (CPMEC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា

ភ្នំពេញ៖ រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦,​​ ធនាគារ SME និងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា​ (CPMEC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា តំណាង​ដោយ​ លោក ជា សុភ័ក្ត អគ្គនាយក ធនាគារ SME និងលោកជំទាវឧកញ៉ាបណ្ឌិត   កែ មុំ ប្រធាន CPMEC។​ អនុស្សរណៈនៃការយោគយល់គ្នានេះ មាន​គោលបំណង​ជំរុញការផ្សព្វផ្សាយ និងផ្តល់ហិរញ្ញប្បទាន មានលក្ខខណ្ឌអនុគ្រោះដល់សហគ្រាសធុនមីក្រូ តូច​ និង​មធ្យម​ ដែល​ជាមាជិក CPMEC សម្រាប់​ប្រើប្រាស់ជាទុនបង្វិល ឬការវិនិយោគ ក្នុង​ការ​ពង្រីកផលិតកម្ម និងទីផ្សារ។ បន្ថែមលើនេះ កិច្ចសហការ​នេះរំពឹង​ថា ​នឹង​ពង្រីក​វិសាល​ភាព​លើស​ពី​ការ​ផ្តល់ហិរញ្ញប្បទាន​ (beyond financing) មាន​ជាអាទិ៍​ ការ​បណ្តុះបណ្តាល​, ការចែករំលែក​ព័ត៌មាន​ និង​​ការ​សម្របសម្រួល​ការ​ចុះបញ្ជី​អាជីកម្ម​​ ជាដើម។​   ជាមួយគ្នានេះ​ ស្ថាប័នទាំងពីរ​បាន​ប្តេជ្ញាជំរុញការ​អនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ផ្សារភ្ជាប់​នឹង​ការ​ផែនការ​ត្រួតពិនិត្យ​ និង​របបប្រជុំទៀង​ទាត់​។