រាជធានីភ្នំពេញ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសចូលរួមសហការឧបត្ថម្ភក្នុង «វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ឆ្នាំ២០២៦» ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំធនាគារពាណិជ្ជ និងធនាគារគោលនយោបាយរបស់រដ្ឋ ព្រមទាំងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយសមស្រប ក្នុងការសម្រួលលទ្ធភាពទទួលបានហិរញ្ញប្បទាន និងដោះស្រាយបញ្ហាប្រឈមនានាដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ជួបប្រទះក្នុងការទទួលបានឥណទានសម្រាប់អភិវឌ្ឍអាជីវកម្ម។