រាជធានីភ្នំពេញ៖ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ធនាគារ SME បានរៀបចំពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពី «ការអនុវត្តគម្រោងហិរញ្ញប្បទានប្រសិទ្ធភាពថាមពល» រវាងធនាគារ SME និងធនាគារ FTB និង «កិច្ចព្រមព្រៀងស្ដីពីគម្រោងធានាឥណទានសម្រាប់ប្រសិទ្ធភាពថាមពល» រវាងធនាគារ FTB និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលត្រូវបានសហការដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា។
លោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារ SME បានគូសបញ្ជាក់ថា «គម្រោងហិរញ្ញប្បទានប្រសិទ្ធភាពថាមពល» បានត្រៀមថវិកាសរុបចំនួន ២០ លានដុល្លារអាម៉េរិក សម្រាប់ធនាគារដៃគូ ក្នុងនោះរួមមានទាំង ធនាគារ FTB ផងដែរ ដើម្បីយកទៅផ្តល់ហិរញ្ញប្បទានដល់អាជីវកម្ម ដែលវិនិយោគលើប្រសិទ្ធភាពថាមពល។ ជារួម, ក្នុងកិច្ចសហប្រតិបត្តិការនេះធនាគារ FTB ទទួលបន្ទុកក្នុងការស្វែងរកអតិថិជន ពិនិត្យ និងអនុម័តលើសំណើសុំឥណទានរបស់ម្ចាស់អាជីវកម្ម ស្របតាមលក្ខខណ្ឌគម្រោង និងលក្ខណៈវិនិច្ឆ័យតាមគោលការណ៍ផ្តល់ឥណទានផ្ទៃក្នុងរបស់ខ្លួន ខណៈធនាគារ SME ជាអ្នកបញ្ចេញឥណទាន (drawdown) ទៅធនាគារ FTB សម្រាប់ផ្តល់កម្ចីបន្តទៅម្ចាស់អាជីវកម្ម។ ជាមួយគ្នានេះ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម ដែលខ្វះទ្រព្យធានា, CGCC នឹងផ្តល់ការគាំទ្រផ្នែកធានាឥណទាន ស្របតាមលក្ខខណ្ឌនៃគម្រោងរបស់ខ្លួន។
លើសពីនេះ លោកអគ្គនាយកបានបន្ថែមថា ពិធីចុះហត្ថលេខានាថ្ងៃនេះ បានបង្កើតជាផ្លូវការនូវ ភាពជាដៃគូដ៏រឹងមាំ ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះឱ្យទៅជាសកម្មភាពជាក់ស្តែង។ ជាមួយគ្នានេះ ពិធីនេះក៏បានបង្ហាញពី ការប្តេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រសហគ្រាសនៅកម្ពុជា ឱ្យទទួលយកបច្ចេកវិទ្យាប្រកបដោយចីរភាព បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់ជាតិ។