រាជធានីភ្នំពេញ៖ នាថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ ធនាគារ SME មានកិត្តិយសបានចូលរួម និងដាក់ស្តង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីបង្ហាញពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា តាមរយៈការដាក់តាំងបង្ហាញកសិផលខ្មែរ គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាដ្រូន បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយកសិកម្មទំនើប។ ជាមួយគ្នានេះ អ្នកចូលរួមក៏មានឱកាសស្វែងយល់ពីចំណេះដឹងថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ និងបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មជាមួយអ្នកជំនាញ និងដៃគូពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍ និងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម។
ធនាគារ SME ប្តេជ្ញាបន្តដើរតួនាទីជាដៃគូហិរញ្ញវត្ថុក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញផលិតកម្ម និងការកែច្នៃក្នុងស្រុក លើកកម្ពស់ផលិតផលខ្មែរ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជាប្រកបដោយចីរភាព។