តុលា 20, 2026

ធនាគារ SME ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយធនាគារ FTB និងសាជីវកម្មឥណទានកម្ពុជា ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ធនាគារ SME បានរៀបចំពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពី «ការអនុវត្តគម្រោងហិរញ្ញប្បទានប្រសិទ្ធភាពថាមពល» រវាងធនាគារ SME និង​ធនាគារ FTB និង «កិច្ចព្រមព្រៀងស្ដីពីគម្រោងធានាឥណទានសម្រាប់ប្រសិទ្ធភាពថាមពល» រវាងធនាគារ FTB និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលត្រូវបានសហការដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា។

លោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារ SME បានគូសបញ្ជាក់ថា «គម្រោង​​ហិរញ្ញប្បទានប្រសិទ្ធភាពថាមពល» បាន​ត្រៀម​ថវិកាសរុប​ចំនួន ២០ លានដុល្លារអាម៉េរិក ​​សម្រាប់ធនាគារដៃគូ ក្នុងនោះរួមមានទាំង ធនាគារ FTB​ ផងដែរ ដើម្បីយកទៅផ្តល់ហិរញ្ញប្បទានដល់អាជីវកម្ម ដែលវិនិយោគលើប្រសិទ្ធភាពថាមពល។ ជារួម, ក្នុងកិច្ចសហប្រតិបត្តិការនេះធនាគារ FTB ទទួលបន្ទុកក្នុងការស្វែងរកអតិថិជន ពិនិត្យ និងអនុម័តលើសំណើសុំឥណទានរបស់ម្ចាស់អាជីវកម្ម ស្របតាមលក្ខខណ្ឌគម្រោង និងលក្ខណៈវិនិច្ឆ័យតាមគោល​ការណ៍ផ្តល់ឥណទានផ្ទៃក្នុងរបស់ខ្លួន ខណៈធនាគារ SME ​ជាអ្នក​​បញ្ចេញ​ឥណទាន​ (drawdown) ទៅធនាគារ FTB សម្រាប់ផ្តល់កម្ចីបន្តទៅម្ចាស់អាជីវកម្ម។ ជាមួយគ្នានេះ  ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម ដែលខ្វះទ្រព្យធានា, CGCC នឹងផ្តល់ការគាំទ្រផ្នែកធានាឥណទាន ស្របតាមលក្ខខណ្ឌនៃគម្រោងរបស់ខ្លួន។

លើសពីនេះ លោកអគ្គនាយកបានបន្ថែមថា ពិធីចុះហត្ថលេខានាថ្ងៃនេះ បានបង្កើតជាផ្លូវការនូវ ភាពជាដៃគូដ៏រឹងមាំ ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះឱ្យទៅជាសកម្មភាពជាក់ស្តែង។ ជាមួយគ្នានេះ ពិធីនេះក៏បានបង្ហាញពី ការប្តេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រសហគ្រាសនៅកម្ពុជា ឱ្យទទួលយកបច្ចេកវិទ្យាប្រកបដោយចីរភាព បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់ជាតិ។

បន្ថែម

សៀមរាប, នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ (Annual General Meeting 2024) ក្រោមប្រធានបទ «Grow Strong, Grow Right» នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា
បណ្ឌិត លឹម អូន អគ្គនាយក ធ.ស.ក បានអញ្ជើញចូលរួមជា វាគ្មិន ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ ស្តីពី "ភាពធន់ នៃវិស័យមីក្រូហិរញ្ញវត្ថុ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុង នៃការរីករាលដាលជំងឺកូវីដ-១៩ បញ្ហាប្រឈមនិងឱកាស" ដែល រៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
ដើម្បីបន្តការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទានសម្រាប់ទ្រទ្រង់អាជីវកម្ម និងស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាល