ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ធនាគារ SME ដឹកនាំដោយ លោក ជា សុភ័ក្ត អគ្គនាយក បានជួបពិភាក្សាជាមួយ សមាគមជីអេស១កម្ពុជា (GS1 Cambodia Association) នៃសភាពាណិជ្ជកម្មកម្ពុជា។
កិច្ចជួបពិភាក្សានេះធ្វើឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ការអភិវឌ្ឍអាជីវកម្ម និងការឈានចូលទីផ្សារ និងនាំចេញ។
ក្នុងជំនួបពិភាក្សានេះ ធនាគារ SME បានធ្វើបទបង្ហាញអំពីបេសកកម្ម ចក្ខុវិស័យ ព្រមទាំងដំណោះស្រាយហិរញ្ញវត្ថុដែលគាំទ្រដល់ SMEs នៅក្នុងស្រុក។ ទន្ទឹមនឹងនេះ សមាគមជីអេស១កម្ពុជា ក៏បានចែករំលែកអំពីសារៈសំខាន់នៃការអនុវត្តស្តង់ដាអន្តរជាតិ GS1 និងការប្រើប្រាស់ប្រព័ន្ធបារកូដ (Barcode) ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម បង្កើនទំនុកចិត្តអតិថិជន និងពង្រីកវិសាលភាពទីផ្សារទាំងក្នុងស្រុក និងឈានទៅកាន់ទីផ្សារអន្តរជាតិ។