ឧសភា 7, 2026

ធនាគារ SME និង CPMEC សហការរៀបចំកិច្ចប្រជុំស្តីពី «ផែនការប្រមូលផ្តុំ និងចែកចាយផលិតផលខ្មែរ»

អគារមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច រាជធានីភ្នំពេញ, នារសៀលថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ធនាគារ SME បានសហការជាមួយសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) រៀបចំកិច្ចប្រជុំស្តីពី «ផែនការប្រមូលផ្តុំ និងចែកចាយផលិតខ្មែរ»។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ក្រោមអធិបតីភាព លោក ជា សុភ័ក្ត អគ្គនាយក នៃធនាគារ SME តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ SME និងលោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធាន CPMEC ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំទាំងពីរស្ថាប័ន តំណាងពីខាងក្រសួង តំណាងគណៈកម្មាធិការជាតិ ភូមិមួយ ផលិតផលមួយ(OVOP) ម្ចាស់សហគ្រាស ម្ចាស់សិប្បកម្ម និងអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម (MSMEs) សរុបប្រមាណ ១៥០នាក់។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីកៀរគរផលិតផលខ្មែរគ្រប់ប្រភេទឱ្យមកជួបជុំគ្នានៅក្នុងបណ្តុំខ្សែសង្វាក់ផលិតកម្មដ៏រឹងមាំមួយ។ គោលដៅចម្បង គឺសំដៅពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើន ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ជាមួយផលិតផលនាំចូលពីបរទេស ព្រមទាំងលើកកម្ពស់គុណភាព និងស្តង់ដាផលិតផលខ្មែរឱ្យមានភាពរឹងមាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធនាគារ SME បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការគាំទ្រដល់សហគ្រិនខ្មែរ តាមរយៈការផ្តល់ប្រឹក្សាយោបល់ បច្ចេកទេស និងដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីជំរុញឱ្យផលិតផលខ្មែរក្លាយជាជម្រើសទីមួយសម្រាប់អ្នកប្រើប្រាស់ និងរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

បន្ថែម

គម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តីត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ សហគ្រិនជាស្រ្តីអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មីបាន។
ធនាគារ SME មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភក្នុង វេទិកាជួបជុំសហគ្រិន ក្រោមប្រធានបទ ជីវិតជាសហគ្រិន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារ ខេមរា បាត់ដំបង ខេត្តបាត់ដំបង