August 4, 2026

កម្មវិធី «ខ្មែរជឿជាក់» | ភាគទី៧៖ អ្នកស្រី ឡុង ស៊ីចាន់ នាយកប្រតិបត្តិ ក្រុមហ៊ុន The Foxest Art Co.,Ltd.

កម្មវិធី «ខ្មែរជឿជាក់» នឹងនាំលោកអ្នកទៅជួបបទពិសោធន៍ផ្ទាល់របស់ អ្នកស្រី ឡុង ស៊ីចាន់ នាយកប្រតិបត្តិ ក្រុមហ៊ុន The Foxest Art Co., Ltd ដែលស្គាល់តាមរយៈម៉ាកយីហោ «យក្សាបោកអ៊ុត» ឯកទេសក្នុងការកែច្នៃ និងផលិតសាប៊ូ ព្រមទាំងទឹកក្រអូបក្នុងស្រុក។ ✨ លោកអ្នកនឹងបានឃើញពីខ្សែសង្វាក់ផលិតកម្ម «យក្សាបោកអ៊ុត» ដែលត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ និងមានគុណភាពខ្ពស់ ក្នុងការកម្ចាត់ស្នាមប្រឡាក់ និងផ្តល់ក្លិនក្រអូបប្រហើរជាប់ចិត្ត ដើរទន្ទឹមនឹងសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់។ «ខ្មែរជឿជាក់»៖ ជឿជាក់លើសហគ្រិនខ្មែរ មោទនភាពជាតិខ្មែរ! 🇰🇭✨

ក្រុមពិភាក្សាពិគ្រោះយោបល់ ក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦»

📸 កម្រងរូបភាពដ៏សកម្មពីក្រុមពិភាក្សាពិគ្រោះយោបល់ នៃ «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ ជាផ្នែកមួយដ៏សំខាន់នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ក្រុមពិភាក្សាពិគ្រោះយោបល់ លើ “ប្រសិទ្ធភាពនៃការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលសម្រាប់ធុរកិច្ច” ត្រូវបានរៀបចំឡើង ដើម្បីប្រមូលធាតុចូលនិងមតិយោបល់ពីម្ចាស់សហគ្រាស/អាជីវកម្ម និងដោយមានការចូលរួមសម្របសម្រួលក្រុមពិភាក្សាពីតំណាងក្រុមការងាររៀបចំវេទិកាថ្នាក់ជាតិទាំង៨ស្ថាប័ន។ តាមរយៈការពិភាក្សា និងផ្លាស់ប្តូរយោបល់ ស្ថាប័នចំណុះឱ្យប្រព័ន្ធអេកូឡូស៊ីគាំទ្រធុរកិច្ចទទួលបាននូវសំណើ និងមតិយោបល់ល្អៗជាច្រើន ដែលនឹងក្លាយជាធាតុចូលដ៏មានប្រសិទ្ធភាព ដើម្បីកែលម្អយន្តការ និងអភិក្រមការងារ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងឆ្លើយឆ្លងគ្នា ព្រមទាំងសម្រាប់ការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀត សំដៅជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធុរកិច្ច ដែលឈានដល់ការសម្រេចបាននូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។