កុម្ភៈ 12, 2025

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «អេសអ៊ឹមអ៊ី តែមួយ (ONE SME)»

ខេត្តព្រះសីហនុ, នារសៀលថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «អេសអ៊ឹមអ៊ី តែមួយ (ONE SME)» នៅសណ្ឋាគារណូវូតែល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល ធ.ស.ក ព្រមទាំងបាន​ការចូលរួមពីសំណាក់ ឯកឧត្តម​/​លោកជំទាវ សមាជិកក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ សរុប​ប្រមាណ ២១០នាក់។​ ពិសេស​ជាង​កិច្ច​ប្រជុំ​សព្វដង, កិច្ចប្រជុំប្រចាំឆ្នាំ​នេះ​ត្រូវ​បាន​រៀបចំឡើង​ចំខួបឆ្នាំទី​៥ នៃការ​ចាប់ផ្តើ​មប្រតិ​បត្តិ​ការ​​​របស់​ ធ.ស.ក ២០២០-២០២៥។

 

លោក ជា សុភ័ក្ត អគ្គនាយកស្តីទី ធ.ស.ក បានធ្វើរបាយការណ៍សង្ខេបអំពី​វឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ និងផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥ ព្រមទាំង​បាន​បូកសរុប​នូវ​លទ្ធផល​រួម​ដែល​ ធ.ស.ក សម្រចបាន​ក្នុង​រយៈពេល​ ៥ ឆ្នាំ កន្លង​មកនេះ។​ ជាលទ្ធផល​ គិតត្រឹមពេល​នេះ​ ធ.ស.ក បានផ្តល់ហិរញ្ញប្បទានក្នុង​លក្ខខណ្ឌអនុគ្រោះ ពោលគឺ​អត្រាការប្រាក់ទាប​ ចន្លោះ​ពី​ ៤% ទៅ​ ៦,៥​% សម្រាប់​វិស័យអាទិភាព​ ដល់សហគ្រាសធុនតូច និងមធ្យមសរុប​ជាង ៣ ៤០០ សហគ្រាស ដែលស្មើនឹងសមតុល្យឥណទានសរុបប្រមាណ ៥០០ លានដុល្លារអាម៉េរិក។ ក្នុងនោះ ឥណទានដែលបានបញ្ចេញទៅ វិស័យកែច្នៃ ផលិត និងកម្មន្តសាល ដែលជាវិស័យអាទិភាពរបស់ ធ.ស.ក មានប្រមាណ ៧០លានដុល្លារអាម៉េរិក ដែលស្មើទៅនឹង ៥០%​ នៃសមតុល្យឥណទានដោយផ្ទាល់សរុប។ គម្រោងហិរញ្ញប្បទានស្រ្តី ប្រមាណ ៤៤លានដុល្លារអាម៉េរិក ដែលស្មើនឹង ៣៦%​ នៃសមតុល្យឥណទានដោយផ្ទាល់សរុប។

ជា​ការ​ឆ្លើយត​ប ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល ធ.ស.ក បានកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះ​​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំង​អស់​ ដែល​បាន​ខិតខំបំពេញការងារ​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ ២០២៤ និង​បានសម្តែង​នូវ​ការ​សារ​ទរ​ចំពោះ​សមិទ្ធផល​រួមដែល​សម្រេច​បាន​​ក្នុង​រយៈពេល​ ៥ ឆ្នាំ កន្លង​មកនេះ​។​ ជាមួយគ្នានេះ​ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើ​សមិទ្ធផល​រំពឹង​ទុក​ដោយ​ក្រុមប្រឹក្សាភិបាល​សម្រាប់ឆ្នាំ ២០២៥ នេះ​ ព្រមទាំង​បាន​ផ្តល់​នូវ​អនុសាសន៍​ល្អៗ ជាច្រើន​ដល់​គណៈគ្រប់គ្រង​ និង​បុគ្គលិក​ សំដៅ​ជំរុញ​ប្រសិទ្ធភាព​ការងារ​។​

ជារៀងរាល់ឆ្នាំ ធនាគារតែងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ កម្មវិធីទទួលបាន​អាហារ​សាមគ្គី​ និងសកម្មភាពជាក្រុម ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងបុគ្គលិក ក៏ដូចជាការទទួលស្គាល់ និងផ្តល់ជូន​នូវ​លើកទឹកចិត្ត ដល់ការ​ខិតខំប្រឹងប្រែងរបស់បុគ្គលិកឆ្នើម និងពង្រឹងនូវសាមគ្គីភាព និង​ស្មារតីការងារក្រុម។

បន្ថែម

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារ SME តំណាងដោយ លោកបណ្ឌិត លឹម អូន ជាអគ្គនាយក បានអញ្ជើញចូលរួមក្នុង “ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសហគ្រិនវ័យក្មេង” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ នៃក្រសួងហិរញ្ញវត្ថុ ប្រទេសជប៉ុន (PRI) ដោយសហការជាមួយអង្គភាពអាជីវកម្មខ្នាតតូច និងឯកជន, សាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «សហគ្រាសបង្កើតថ្មី» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ប្រមាណ ៣៣នាក់។
បណ្ឌិត លឹម អូន អគ្គនាយក ធ.ស.ក បានអញ្ជើញចូលរួមជា វាគ្មិន ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ ស្តីពី "ភាពធន់ នៃវិស័យមីក្រូហិរញ្ញវត្ថុ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុង នៃការរីករាលដាលជំងឺកូវីដ-១៩ បញ្ហាប្រឈមនិងឱកាស" ដែល រៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារ អមដំណើរដោយថ្នាក់ដឹកនាំ និងបុគ្គលិក បាននាំយកនូវសម្ភារសិក្សាមួយចំនួន ប្រគល់ជូនសាលាបឋមសិក្សាជាំសង្កែ ដែលស្ថិតនៅក្នុងភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។
សៀមរាប, ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសិក្ខាសាលា និងសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប»