កុម្ភៈ 12, 2026

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង SME Bank និងអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ, ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦, ធនាគារ SME និងអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពី “កិច្ចសហការជំរុញការទទួលបានហិរញ្ញប្បទាន របស់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត”

ពិធីចុះហត្ថលេខាបានប្រព្រឹត្តធ្វើនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយ ឯកឧត្តម តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត និងលោក ជា សុភ័ក្ត អគ្គនាយកនៃ ធនាគារ SME ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ​ សុថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំពាក់ព័ន្ធនៃស្ថាប័នទាំងពីរ។

អនុស្សរណៈនេះ មានគោលបំណងបង្កើនកិច្ចសហការ ដើម្បីជំរុញ និងពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន​ដល់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហការនេះនឹងក្លាយជាកម្លាំង​ចលករយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម ការពង្រីក កែលម្អ និង/ឬស្តារប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិងប្រតិបត្តិការអាជីវកម្ម ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តោតលើកិច្ចសហការសំខាន់ៗ មានដូចជា៖

  • ផ្តល់ការគាំទ្រ និងសេវាកម្មហិរញ្ញវត្ថុ (ឥណទាន) រួមទាំងសិក្សាលទ្ធភាពក្នុងការផ្តល់លក្ខខណ្ឌពិសេស
  • ផ្សព្វផ្សាយពង្រឹងការយល់ដឹងពីនីតិវិធីក្នុងការទទួលបានហិរញ្ញប្បទាន និងការទទួលបានភាពពអនុលោមជូនដល់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។
  • ចូលរួមគាំទ្រលើសកម្មភាពចាំបាច់នានា និងជំរុញលើកកម្ពស់ការអភិវឌ្ឍវិស័យទឹកស្អាត និងហិរញ្ញវត្ថុ សំដៅ​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកប​ដោយចីរភាព ភាពធន់ និងបរិយាបន្ន។

ចាប់ពីថ្ងៃផ្សាយដំណឹងនេះ សូមប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតទទួលបានអាជ្ញាប័ណ្ណពី អគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានតម្រូវការឥណទាន សូមទំនាក់ទំនងមកកាន់សាខាធនាគារ SME ដែលនៅជិតលោកអ្នកបំផុតដើម្បីប្រឹក្សាយោបល់ពីគម្រោងអាជីវកម្ម ឬ ទំនាក់ទំនងមកកាន់ Hotline 096 811 1118 ឬ ហ្វេសប៊ុកផ្លូវការធនាគារ SME Bank of Cambodia។

បន្ថែម

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហគ្រិនខ្មែរ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាននៃសហគ្រាស ធុនតូច និងមធ្យម នៅកម្ពុជា
បណ្ឌិត លឹម អូន អគ្គនាយក ធ.ស.ក បានអញ្ជើញចូលរួមជា វាគ្មិន ក្នុងកិច្ចពិភាក្សាប្រចាំឆ្នាំលើកទី២ ស្ដីពី "ការពង្រឹងភាពធន់ និងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា" ដែលរៀបចំ ឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារ SME បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី "ការគាំទ្រសហគ្រាសធុនតូច និងមធ្យមលើ ការយល់ដឹង ផ្នែកច្បាប់ និងហិរញ្ញវត្ថុ សម្រាប់កំណើនប្រកបដោយចីរភាព"។
នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិកាចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ជំរុញការអនុវត្តន៍ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
សៀមរាប, ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសកម្មភាពជាក្រុម និងសប្បុរសធម៌ តាមរយៈកម្មវិធីជិះកង់រួមគ្នា នៅតំបន់ប្រាសាទអង្គរវត្ត