អំពីយើងខ្ញុំ

សហគ្រាសធុនតូច និងមធ្យម (SMEs) ជាតួអង្គដ៏សំខាន់មួយ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយ បរិយាប័ន្ន។ សហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ ដែលបំពេញតម្រូវការមូលដ្ឋាននៃទំនិញ និងសេវាកម្ម ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅតាមរយៈការបង្កើនប្រាក់ចំណូល និងការងារ បង្កើនផលចំណូលសរុបក្នុងស្រុក និងជំរុញការនាំចេញ។ ទោះយ៉ាងនោះក្តី ដំណើរការគ្រប់គ្រង និងអភិវឌ្ឍនៃវិស័យនេះ ប្រឈមនឹងបញ្ហាមួយចំនួន រួមមាន៖ ១-ភាពមិនទាមទារ (នៅក្រៅប្រព័ន្ធ) ២-កង្វះទុន (មូលធន) សម្រាប់ពង្រីកអាជីវកម្ម ៣-កង្វះបច្ចេកទេស និងជំនាញ។

ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត “SME Bank” ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមនៃកង្វះទុន។

ធនាគារទទួលបានអាជ្ញាបណ្ណផ្លូវការជាធនាគារពាណិជ្ជពីធនាគារជាតិ នៃ កម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ និងស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ធនាគារ កំណត់គោលបំណង និងទិសដៅចម្បង ក្នុងការផ្តល់ហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ (សម្បទាន) ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញ ស្របតាមគោលនយោបាយដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។

វត្តមានរបស់ “SME Bank” ក្នុងរយៈពេលជិត ៥ឆ្នាំ កន្លងមក ត្រូវបានទទួលស្គាល់ជា ធនាគារគោលនយោបាយនាំមុខក្នុងការផ្តល់សេវាហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យមដោយផ្តោតលើវិស័យអាទិភាពរួមមាន៖

  • ការផលិត និងកែច្នៃម្ហូបអាហារ ដែលជាសកម្មភាពបំប្លែងសារធាតុ ផលិតផលកសិកម្ម ឬរុក្ខជាតិ ដោយកែច្នៃទាំងស្រុង ឬកែច្នៃបឋមដោយប្រើម៉ាស៊ីន និងហត្ថកម្ម សម្រាប់មនុស្សបរិភោគ។
  • កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ ផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃ, កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍។
  • ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែល មានលក្ខណៈនវានុវត្តន៍ គឺសំដៅលើការបង្កើត និងផ្គត់ផ្គង់សេវាបច្ចេកវិទ្យាព័ត៌មានដែលផ្សារភ្ជាប់ទៅនឹងជំនួញ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សហគ្រាសស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ (Cluster Zone)។
  • សហគ្រាសផលិតទំនិញវេជ្ជសាស្រ្ត និងថ្នាំពេទ្យ សំដៅលើសហគ្រាសទាំងឡាយណា ដែលផលិតឧបករណ៍ ឬគ្រឿងបរិក្ខារ និងថ្នាំពេទ្យ សម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល។
  • សហគ្រាសផ្តល់សេវាកម្ម គ្រាំទ្រដល់សហគ្រាសក្នុងវិស័យអាទិភាព សំដៅដល់អាជីវកម្មដែលចែកចាយទំនិញ និងផ្តល់សេវាកម្មបម្រើដល់វិស័យអាទិភាពនានាកំណត់ដោយរាជរដ្ឋាភិបាល រួមទាំងវិស័យដែលមានសក្តានុពល និង វិស័យដែលរងផលប៉ះពាល់ខ្លាំងដោយវិបត្តិកូវីដ-១៩។

“SME Bank”បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម។ បច្ចុប្បន្ន ដើម្បីសម្រេចបាននូវទិសដៅនេះ ធនាគារបាន និងកំពុងបន្តអនុវត្តគម្រោងសហហិរញ្ញប្បទាន ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និងការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ដល់សហគ្រាសគោលដៅ និងផ្តោតសំខាន់លើការអភិវឌ្ឍផលិតផល សេវាកម្ម បន្តពង្រីកបណ្តាញចែកចាយ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សរបស់ខ្លួន។

ចក្ខុវិស័យ

ជាធនាគារជម្រើសដំបូង និងល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលមានតម្លៃសមស្រប, ងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន, ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការបម្រើសេវាកម្មល្អ។

បេសកកម្ម

ផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជ ប្រកបដោយ ប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

គុណតម្លៃ

យើងជឿជាក់ថា យើងអាចចូលរួមជាចំណែកមួយក្នុងការផ្តល់ជូនសេវាកម្មធនាគារដែលមានតម្លៃសមរម្យ និងប្រកប ដោយគុណតម្លៃ ដើម្បីការអភិវឌ្ឍនៃសហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ជូនលើសពីការរំពឹងទុកដល់បុគ្គលិក អតិថិជន និងអ្នកពាក់ព័ន្ធក្នុងអាជីវកម្មទាំងអស់។ យើងមានបំណងសម្រេចឱ្យបានតាមរយៈការអនុវត្តគុណតម្លៃរបស់យើង ដែលហៅកាត់ថា “IPACE”។

សច្ច:ភាព

សុចរិតភាព

លើកកម្ពស់សច្ចៈភាពក្នុងអត្តសញ្ញាណរបស់យើង ដើម្បីធានាឲ្យបាននូវកេរ្តិ៍ឈ្មោះ និងទំនុកចិត្តខ្ពស់ក្នុងអាជីវកម្ម

បុគ្គលិក

បុគ្គលិក

យើងចាត់ទុកគ្រប់បុគ្គលិកជាទ្រព្យដ៏សំខាន់ហើយគោរពផ្តល់តម្លៃ និងផ្តល់ឱកាសឲ្យពួកគាត់ចូលរួមយ៉ាងសកម្មក្នុងដំណើរការអាជីវកម្មរបស់យើង

ទំនួលខុសត្រូវ

គណនេយ្យភាព

យើងមានទំនួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ចំពោះអ្នកពាក់ពន្ធ័ក្នុងអាជីវកម្ម និងទៅលើតួនាទី ក៏ដូចជាមុខងារដែលយើងបានកំណត់

Customer

អតិថិជន

ដោយសារតែអតិថិជន ជាគោលដៅចម្បង សម្រាប់ការអភិវឌ្ឍ
អាជីវកម្មរបស់យើងនោះយើងនឹងផ្តល់ជូនសេវាកម្មដីល្អឥតខ្ចោះ

ប្រសិទ្ធភាព

ប្រសិទ្ធភាព

យើងខិតខំប្រឹងប្រែងសម្រាប់ប្រតិបត្តិការដ៏ល្អ ដើម្បីប្រាកដថា
ម្ចាស់ភាគហ៊ុនទាំងអស់ទទួលបាន ប្រាក់ចំណេញ ភាពរីកចម្រើន
និងស្ថេរភាពអាជីវកម្ម

រចនាសម្ព័ន្ធធនាគារ

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល

ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ

សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី ឈន ដាលិះ

សមាជិកាក្រុមប្រឹក្សាភិបាលឯករាជ្យ

ឯកឧត្តម ចាន់ សុខទី

សមាជិកក្រុមប្រឹក្សាភិបាល

ឯកឧត្តម សុន សេងហួត

សមាជិកក្រុមប្រឹក្សាភិបាល

ឯកឧត្តមបណ្ឌិត គង់ ម៉ារី

មន្ត្រីត្រួតពិនិត្យរដ្ឋ

Open Modal

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

តាងនាមក្រុមប្រឹក្សាភិបាល នៃ “SME Bank” ខ្ញុំមានកិត្តិយស និងសូមអនុញ្ញាតបង្ហាញជូននូវរបាយការណ៍ប្រចាំឆ្នាំ ដែលសង្ខេបពីលទ្ធផលការងាររបស់ធនាគារ ក្នុងឆ្នាំ២០២៤។ លទ្ធផលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំ និងការខិតខំប្រឹងប្រែងរបស់ “SME Bank” ក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍនៃសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា។

ជាការពិតណាស់ ក្នុងឆ្នាំ២០២៤ កន្លងទៅ, ស្ថានភាពសេដ្ឋកិច្ចសកលនៅតែបន្តបោះជំហានទៅមុខក្នុងគន្លងនៃការងើបឡើងវិញ ប៉ុន្តែបន្តយាយីដោយបញ្ហាប្រឈមជាច្រើន និងហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ រួមមាន (១). បច្ច័យអវិជ្ជមាន បណ្តាលមកពីការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់, ការកើនឡើងនូវគោលនយោបាយគាំពារនិយម ព្រមទាំងការបែកខ្ញែកទីតាំង ភូមិសាស្ដ្រសេដ្ឋកិច្ចនយោបាយ ដែលមិនត្រឹមតែបាននាំមកនូវផលរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងនាំឱ្យមានការកើនឡើងថ្លៃទំនិញ, ប៉ុន្តែ ថែមទាំងបង្កើត និងបង្កើនរបាំងមកលើពាណិជ្ជកម្មអន្តរជាតិ, រំហូរទុនវិនិយោគ, រំហូរបច្ចេកវិទ្យា, រំហូរមនុស្ស និងប្រព័ន្ធទូទាត់អន្តរជាតិ និង (២). ការកើតឡើងជាញឹកញាប់នៃគ្រោះធម្មជាតិក្នុងកម្រិតធ្ងន់ធ្ងរទូទាំងសកលលោក បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលបានជះឥទ្ធិពលអវិជ្ជមានមកលើដំណើរនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក៏ដូចជាសន្ដិសុខស្បៀងអាហារ។ ជាលទ្ធផល, សេដ្ឋកិច្ចសកលឆ្នាំ២០២៤ ត្រូវបានប៉ាន់ប្រមាណថាបន្តមានកំណើន ៣,២% ដែលឆ្លុះបញ្ចាំងពីការបន្តងើបឡើងវិញសន្សឹមៗនៃតម្រូវការប្រើប្រាស់ឯកជន, រំហូរវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ។

ស្ថិតក្នុងបរិការណ៍នេះ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថា នៅតែបន្តមានកំណើនល្អ ក្នុងរង្វង់ ៦,០% នាឆ្នាំ២០២៤ ដោយសារ (១). ការត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា និង (២). លទ្ធផលនៃការកែទម្រង់ស៊ីជម្រៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក, ការដាក់ចេញគោលនយោបាយ និងវិធានការគោលនយោបាយជំរុញកំណើន ដែលបានចង្អុលបង្ហាញ និងសង្កត់ធ្ងន់បន្ថែមក្នុងក្របខណ្ឌនៃ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១» បានហុចផលជាផ្លែផ្កា និងកាលានុវត្តភាពជាសារវន្តដល់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ច និងពាណិជ្ជកម្ម ដែលជាមូលដ្ឋានចម្បងសម្រាប់ជំរុញជវភាពសេដ្ឋកិច្ចជាតិ។

ទោះបីសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនប្រាកដប្រជា និងរងឥទ្ធិពលពីបញ្ហា សកលនានាយ៉ាងណាក៏ដោយ, វិស័យហិរញ្ញវត្ថុកម្ពុជានៅបន្តមានស្ថិរភាព និងរឹងមាំ។ ការណ៍នេះឆ្លុះបញ្ចាំង តាមរយៈ ការរក្សាបាននូវកម្រិតខ្ពស់នៃសូចនាករម៉ាក្រូប្រុងប្រយ័ត្នសំខាន់ៗ រួមមាន អនុបាតសន្ទនីយភាពរបស់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអនុបាតសាធនភាព សម្រាប់ធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុ បើទោះបីជា ឥណទានមិនដំណើរការ (NPLs) ទាំងធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុ មានការកើនឡើង ប៉ុន្តែក្នុងកម្រិតអាចគ្រប់គ្រងបាន។

ក្នុងបរិយាកាសនេះ, “SME Bank” បានបន្តបេសកកម្មយ៉ាងសកម្មក្នុងការចូលរួមជំរុញការរីកចម្រើនរបស់ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា តាមរយៈការផ្តល់ឥណទានប្រកបដោយលក្ខខណ្ឌអនុគ្រោះ។ គិតត្រឹមដំណាច់ឆ្នាំ២០២៤ នេះ “SME Bank” បានផ្តល់ឥណទាន តាមរយៈគម្រោងផ្តល់ឥណទានដោយផ្ទាល់បានចំនួន ៤៥៧ សហគ្រាស សមមូលនឹងទឹកប្រាក់សរុបចំនួន ១២២.៤ លានដុល្លារអាម៉េរិក ស្មើនឹងកំណើន ៤២% ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ ឥណទានផ្តល់ជូនដល់វិស័យអាទិភាព (កម្មន្តសាល, ការដំឡើង, កែច្នៃ និងកសិ-ឧស្សាហកម្ម) ភ្ជាប់នឹងលក្ខខណ្ឌអនុគ្រោះខ្ពស់ សម្រេចបានប្រមាណ ៦១ ដុល្លារអាម៉េរិក ត្រូវនឹង ៥០% នៃទំហំឥណទានដោយផ្ទាល់ ខណៈទំហំឥណទានផ្តល់ជូនសហគ្រិនស្ត្រី ដែលក៏ជាអាទិភាពដែរនោះសម្រេចបានប្រមាណ ៥២.២ ស្មើនឹង ៤៣% នៃទំហំឥណទានដោយផ្ទាល់។

“SME Bank” ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រសហគ្រាសធុនតូច និងមធ្យម ស្របតាមចក្ខុវិស័យ និងបេសសកម្ម ដែលបានដាក់ចេញ តាមរយៈការបន្តកែលម្អ និងបន្ធូរបន្ថយលក្ខខណ្ឌឥណទាន, បង្កើតផលិតផលថ្មីៗ និងជំរុញប្រសិទ្ធភាពនៃដំណើរការបញ្ចេញឥណទាន។ ចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះអតិថិជនទាំងអស់ ដែលតែងផ្តល់ការជឿទុកចិត្ត និងចាត់ទុកធនាគារសហគ្រាសធុនតូច និងមធ្យម ជាដៃគូដ៏ស្មោះត្រង់ គាំទ្រដល់ការចាប់ផ្តើម និងការពង្រីកអាជីវកម្មនាពេលកន្លងមក។ ជាការតបស្នងដល់ទំនុកចិត្ត និងភក្តីភាព យើងខ្ញុំទាំងអស់គ្នាក្នុងនាមក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃ “SME Bank” ប្តេជ្ញាបន្តប្រឹងប្រែងឆ្លើយតបនឹងតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម ទាំងអស់ គាំទ្រដល់វឌ្ឍនភាពនៃអាជីវកម្មក្នុងគ្រប់វិស័យ ជាពិសេស វិស័យអាទិភាព សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យរីកចម្រើនជាលំដាប់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា

រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាភិបាល

លោក ជា សុភ័ក្ត

អគ្គនាយក

លោក អឿ វិបុល

នាយកប្រតិបត្តិឥណទាន

លោក ហួត សុខា

នាយកប្រតិបត្តិអាជីវកម្ម

លោក សួន ស៊ីសុវត្ថិ

នាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក ហាន គឹមស្រ៊ាង

នាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

លោក សួន ស៊ីសុវត្ថិ

នាយកគ្រប់គ្រងរបាយការណ៍
ហិរញ្ញវត្ថុ និងផែនការ

លោក គួច ផល្លី

នាយកគ្រប់គ្រងប្រតិបត្តិការ

លោក សៅ រិទ្ធី

នាយកទំនាក់ទំនងអាជីវកម្ម

លោក ឆេង កក្កដា

នាយកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា

លោក ផុន វាសនា

នាយកទីផ្សារ

លោក ទង ពុទ្ធី

នាយកគ្រប់គ្រងធនធានមនុស្ស

លោកស្រី នៅ សុធារី

នាយិកាគ្រប់គ្រងឥណទាន

លោកស្រី វឿង សារិកា

នាយិកាផ្នែកច្បាប់
និងលេខាធិការក្រុមហ៊ុន

កញ្ញា ឈួ ថាវរី

នាយិកាគ្រប់គ្រងសវនកម្មផ្ទៃក្នុង

លោក អៀម សុខា

ប្រធានផ្នែកប្រតិបត្តិតាម

កញ្ញា នួន សុវណ្ណារ៉ាត់

ប្រធានផ្នែកលទ្ធកម្ម
និងជាលេខាអគ្គនាយក