«ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជាមិនត្រឹមតែផ្តល់សេវាកម្មហិរញ្ញវត្ថុដល់សហគ្រាសកែច្នៃម្ហូបអាហារ មិនតែប៉ុណ្ណោះ ធនាគារក៏បានផ្តល់ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីប្រកបដោយភាពស្មោះត្រង់ និងសុច្ចចិត្ត ផងដែរ។»
លោកស្រី ភោគ ហឿង,
ម្ចាស់សិប្បកម្មហ្គោលដិន យេម ជាសិប្បកម្មផលិតតែ និងនំកញ្ចប់ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដំបូងឡើយអាជីវកម្មរបស់ខ្ញុំដំណើរការជាមួយនឹងផលិតផលតែមួយមុខគត់ គឺតែធម្មជាតិ ដោយសារតែនាងខ្ញុំមានផែនការពង្រីកអាជីវកម្មបន្ថែម និងចង់ធ្វើឱ្យអាជីវកម្មរបស់នាងខ្ញុំកាន់តែរីកចម្រើន នាងខ្ញំក៏បានសម្រេចបង្កើតនូវផលិតផលនំកញ្ចប់ចំនួន ៤ប្រភេទបន្ថែមដែលមានរសជាតិផ្សេងៗគ្នាជាច្រើនមុខដើម្បីឱ្យស្របនឹងតម្រូវការទីផ្សារ។
កង្វះដើមទុនដើម្បីទិញម៉ាស៊ីន សម្ភារៈ ក្នុងការផលិតនំ ក៏ដូចជា តែធម្មជាតិជាមូលហេតុ ដែលធ្វើឱ្យនាងខ្ញុំបានសម្រេចដាក់ពាក្យស្នើសុំឥណទានពីធនាគារ ដើម្បីទិញម៉ាស៊ីនផលិតនំ ជាច្រើនគ្រឿងបន្ថែម ផ្លាស់ប្តូរទីតាំងឃ្លាំងធំជាងមុន និងទិញវត្ថុធាតុដើម សម្រាប់ផលិតនំ និងតែធម្មជាតិបន្ថែម។
សិប្បកម្មរបស់នាងខ្ញុំមានដំណើរការរលូន និងរីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់ ដោយសារមានការកម្ម៉ង់ទិញពីអតិថិជនបោះដុំជាច្រើន ដូចជាផ្សារទំនើបធំៗដូចជា ផ្សារអ៉ីអន,ផ្សារទំនើបឡាក់គី, ផ្សារម៉ាក្រូ, ផ្សារថៃហួត, ផ្សារបាយ័ន, និងដេប៉ូចែកចាយទូទាំងប្រទេស។ អាជីវកម្មរបស់នាងខ្ញុំចាប់ផ្តើមដំបូងជាមួយបុគ្គលិកត្រឹមតែ ១០ នាក់ ចំណែកឥឡូវខ្ញុំអាចផ្តល់ការងារដល់បុគ្គលិករហូតជិត ៣០នាក់ ដែលស្មើនឹង ៣០០% បើប្រៀបនឹងមុនពេលមិនទាន់បានទទួលឥណទាន ពីធនាគារ។
នាងខ្ញុំស្គាល់ និងដាក់ពាក្យស្នើសុំឥណទានពីធនាគារតាមរយៈមិត្តភក្តិដែលមានអាជីវកម្មស្រដៀងបនឹងនាងខ្ញុំដែរ ដែលធ្លាប់បានស្នើសុំហិរញ្ញប្បទានពីធនាគារ ជាពិសេសនាងខ្ញុំពិតជាសប្បាយចិត្តដែលធនាគារមាននូវគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រិនស្រ្តីជាមួយអត្រាការប្រាក់ពិសេសក្នុងការជួយដល់ម្ចាស់អាជីវកម្មដូចនាងខ្ញុំ។ សូមផ្តាំផ្ញើផងដែរ ទៅកាន់សហគ្រិនស្រ្តីទាំងឡាយ ដែលត្រូវការទុនបន្ថែមក្នុងការពង្រីកអាជីវកម្ម មកស្នើសុំឥណទានពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។