អំពីយើងខ្ញុំ

សហគ្រាសធុនតូច និងមធ្យម  (SMEs) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ បរិយាប័ន្ន និងភាពធន់ តាមរយៈការបំពេញតម្រូវការក្នុងស្រុក, បង្កើតការងារ, បង្កើនប្រាក់ចំណូល និងជំរុញការនាំចេញ។ ទោះជាយ៉ាងនេះក្តី ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបន្តប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធមួយចំនួន ជាពិសេស ចំពោះ សហគ្រាសក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមាន លទ្ធភាពទទួលបានហិរញ្ញប្បទាន និងការប្រកួតប្រជែងនៅមានកម្រិត ជាដើម។

ជាការឆ្លើយតប រាជរដ្ឋាភិបាលបានបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងវិធានការជាក់លាក់ជាច្រើន រាប់ទាំងការលើកកម្ពស់លទ្ធភាពទទួលបានឥណទាន។ ជាលទ្ធផល ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជាត្រូវបានបង្កើតឡើង ដោយស្ថិតនៅក្រោមអាណាព្យាបាលទាំងបច្ចេកទេសនិងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ធនាគារ SME បានកំណត់នូវគោលបំណង និងទិសដៅ  ក្នុងការផ្តល់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម សំដៅជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញ។ ក្នុងរយៈពេលជាង ៦ ឆ្នាំ នៃប្រតិបត្តិការ ធនាគារ SME បានខិតខំពង្រឹងសមត្ថភាព ផ្តល់ជូនឥណទានប្រកបដោយគុណភាពដល់សហគ្រាសធុតូច និងមធ្យមនៅកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេស វិស័យអាទិភាព ដែលរួមមាន (១). ផលិត និងកែច្នៃ, (២). កម្មន្តសាល, (៣). ការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន, (៤). សហគ្រាសស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់ (Cluster Zone), (៥). ទំនិញវេជ្ជសាស្រ្ត និងឱសថ និង (៦). សេវាកម្មគាំទ្រដល់សហគ្រាសក្នុងវិស័យអាទិភាព។

ចក្ខុវិស័យ

ក្លាយជាធនាគារគោលនយោបាយ ដែលទទួលបានទំនុកចិត្ត និងមាននិរន្តរភាពនៅកម្ពុជា តាមរយៈការផ្តល់ជម្រើសហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព សេវាកម្មដ៏ច្នៃប្រឌិត និងផ្ដល់ជូនអតិថិជននូវបទពិសោធន៍សេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីជំរុញការពង្រីក និងការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម សំដៅរួមចំណែកលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព។

បេសកកម្ម

ផ្តល់ហិរញ្ញប្បទាន ដែលមានការប្រាក់សមរម្យ មានគោលដៅច្បាស់លាស់ និងប្រកបដោយនវានុវត្តន៍ ព្រមទាំងសេវាកម្មលើសពីហិរញ្ញប្បទាន ដែលជួយពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព ឱ្យអាចពង្រីកទីផ្សារ និងប្រកួតប្រជែង ទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ សំដៅជំរុញឧស្សាហូបនីយកម្ម និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ស្របតាមរបៀបវារៈអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

គុណតម្លៃ

ដើម្បីសម្រេចបាននូវគោលដៅនេះ ធនាគារលើកទឹកចិត្ត និងគាំទ្របុគ្គលិកទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវតម្លៃរបស់យើង “IPACE”។ គុណតម្លៃរបស់យើងត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីផ្តល់សេវាកម្មដ៏ល្អបំផុតជូនអតិថិជន។

សច្ច:ភាព

សុចរិតភាព

លើកកម្ពស់សច្ចៈភាពក្នុងអត្តសញ្ញាណដើម្បីធានាឱ្យបាននូវកេរ្តិ៍ឈ្មោះ និងទំនុកចិត្តខ្ពស់ក្នុងអាជីវកម្ម

បុគ្គលិក

បុគ្គលិក

ចាត់ទុកគ្រប់បុគ្គលិកជាទ្រព្យដ៏សំខាន់ ហើយគោរព ផ្តល់តម្លៃ និងផ្តល់ឱកាស ឱ្យពួកគាត់ចូលរួមយ៉ាងសកម្មក្នុងដំណើរការអាជីវកម្មរបស់យើង

ទំនួលខុសត្រូវ

ទំនួលខុសត្រូវ

មានការទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ចំពោះអ្នកពាក់ព័ន្ធក្នុងអាជីវកម្ម និងទៅលើតួនាទី ក៏ដូចជាមុខងារដែលបានកំណត់

Customer

អតិថិជន

ផ្ដល់នូវគុណភាពសេវាកម្មជូនអតិថិជនប្រកបដោយទំនុកចិត្ត ការយកចិត្តទុកដាក់ និងការសហការដើម្បីភាពរីកចម្រើនរួមគ្នា

ប្រសិទ្ធភាព

ប្រសិទ្ធភាព

ខិតខំប្រឹងប្រែងសម្រាប់ប្រតិបត្តិការកាន់តែប្រសើរ ដើម្បីភាពរីកចម្រើន និងស្ថេរភាពអាជីវកម្ម

រចនាសម្ព័ន្ធធនាគារ

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល

ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ

សមាជិកក្រុមប្រឹក្សាភិបាល

ឯកឧត្តម សុន សេងហួត

សមាជិកក្រុមប្រឹក្សាភិបាល

ឯកឧត្តម ចាន់ សុខទី

សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី ឈន ដាលិះ

សមាជិកាក្រុមប្រឹក្សាភិបាលឯករាជ្យ

ឯកឧត្តមបណ្ឌិត គង់ ម៉ារី

មន្ត្រីត្រួតពិនិត្យរដ្ឋ

Open Modal

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាបានទទួលរងនូវព្យុះកំបុត ត្បូងពីរ គឺ ទី១. ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក និង ទី២. ភាពតានតឹងព្រំដែន កម្ពុជា-ថៃ រហូតឈានដល់ការប៉ះទង្គិចប្រដាប់អាវុធពីរលើកផ្ទួនៗ។ ទោះជាយ៉ាងនេះក្តី, ពន្ធគយបដិការពុំមានបច្ច័យអវិជ្ជមានធ្ងន់ធ្ងរ មកលើសេដ្ឋកិច្ចកម្ពុជានោះទេ។ ផ្ទុយទៅវិញ, ការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ដោយឯកតោភាគីរបស់ថៃ និងភាពតានតឹងជុំវិញបញ្ហាព្រំដែន បានបង្កផលប៉ះពាល់គួរ​ឱ្យ​កត់​សម្គាល់​មក​លើ សកម្មភាពសេដ្ឋកិច្ចកម្ពុជា មានជាអាទិ៍ សកម្មភាពផលិតកម្មថៃ បូកមួយ(Thailand+1), សកម្មភាពទេសចរណ៍ ដែលពឹងផ្អែកច្រកព្រំដែនកម្ពុជា-ថៃ, ការនាំចេញផលិតផល កសិកម្ម, រំហូរនៃប្រាក់បង្វែរឯកជន, សកម្មភាពដឹកជញ្ជូន និងវិស័យហិរញ្ញវត្ថុ។ ជាមួយគ្នានេះ, មានការលេចឡើងនូវនិន្នាការថ្មីៗ គួរឱ្យកត់សម្គាល់មួយចំនួន រួមមាន ការងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក និងការបង្កើនសមត្ថភាព និងកម្លាំងផលិតកម្មក្នុងស្រុក, ការបង្វែរទិសដៅដឹកជញ្ជូន និងការផ្លាស់ប្តូរមធ្យោបាយដឹកជញ្ជូន, និងការធ្វើពិពិធកម្មនៃច្រវាក់តម្លៃពីទីផ្សារថៃ។

ដោយឡែក វិស័យហិរញ្ញវត្ថុ និងធនាគារ ហាក់បន្តជំហររឹងមាំជាមួយនឹងភាពធន់ បើទោះជា ឥណទាន បន្តមានកំណើនទាប ខណៈឥណទានមិនដំណើរការមានការកើនឡើងជាលំដាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ ឥណទានដែលបានផ្តល់ដោយប្រព័ន្ធធនាគារមានកំណើនត្រឹម ៥,៤% ខណៈអនុបាតឥណទានមិនដំណើរការស្ថិតក្នុងកម្រិតខ្ពស់ ៨,៣% សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និង ១៣,៥% សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ។ ទោះជាយ៉ាងនេះក្តី ស្ថានភាពដើមទុន និងសន្ទនីយភាពមានភាពរឹងមាំ ដោយអនុបាតភាពគ្រប់គ្រាន់នៃដើមទុនមានកម្រិត ២២% សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ និង ៣១,២% សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ដែលខ្ពស់ជាង កម្រិតបទប្បញ្ញត្តិ ១៥% ហើយអនុបាតសន្ទនីយភាពមានកម្រិត ១៧៩,៣% សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលខ្ពស់ជាងកម្រិតបទប្បញ្ញត្តិ ១០០%។

ប្រឈមនឹងស្ថានភាពទាំងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមិនសូវអំណោយផល និងប្រាកដប្រជា, ធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធនាគារ SME) ដែលជាធនាគារគោលនយោបាយ បានបន្តរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ឥណទានដល់      សហគ្រាសធុនតូច និងមធ្យម ជាពិសេស ក្នុងវិស័យអាទិភាព ដែលតម្រង់ទិសតាមរយៈគោលនយោបាយជាតិសំខាន់ៗ រួមមាន យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាល ទី ៧ នៃរដ្ឋសភា, កម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ឆ្នាំ២០២៥-២០២៨ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ ធនាគារ SME បានបង្កើនសមតុល្យឥណទានដុលសរុបដល់ ២៣០ លានដុល្លារអាម៉េរិក ក្នុងនោះ សមតុល្យឥណទានដុលដោយផ្ទាល់មានប្រមាណ ១៦៥ លានដុល្លារអាម៉េរិក ដែលសមាមាត្រនឹងចំនួនសហគ្រាសសរុប ២៨៥០ ដែលសហគ្រិនស្ត្រីមាន ២៩%។

ក្នុងនាមក្រុមប្រឹក្សាភិបាល ធនាគារ SME, ខ្ញុំពិតជាមានមោទនភាព និងក្តីសោមនស្សដែលបានឃើញពីការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្នុងវិស័យអាទិភាព ដែលកើតចេញពីការរួមចំណែករបស់ឥណទាន ពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ។ ពិតណាស់ វឌ្ឍនភាពនេះស្តែងឱ្យឃើញពីជម្រើស និងវិធានការគោលនយោបាយដ៏ត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែងរបស់តួអង្គពាក់ព័ន្ធ ជាពិសេស សហគ្រាសធុនតូច និងមធ្យម សំដៅលើកកម្ពស់ភាពធន់ និងបរិយាប័ន្ននៃសេដ្ឋកិច្ចកម្ពុជា។ ទីបញ្ចប់ យើងខ្ញុំទាំងអស់គ្នា ក្នុងនាមក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិក ធនាគារ SME ប្តេជ្ញាបន្តប្រឹងប្រែង និងឆ្លើយតបនឹងសំណូមពរ និងការចង់បានរបស់អតិថិជន ដើម្បីបង្កើនប្រសិទ្ធភាព ផ្តល់ឥណទាន ដែលជាចំណែកនៃការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា

រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាភិបាល

លោក ជា សុភ័ក្ត

អគ្គនាយក

លោក អឿ វិបុល

នាយកប្រតិបត្តិឥណទាន

លោក ហួត សុខា

នាយកប្រតិបត្តិអាជីវកម្ម

លោក សួន ស៊ីសុវត្ថិ

នាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក ហាន គឹមស្រ៊ាង

នាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

លោក សួន ស៊ីសុវត្ថិ

នាយកគ្រប់គ្រងរបាយការណ៍
ហិរញ្ញវត្ថុ និងផែនការ

លោក គួច ផល្លី

នាយកគ្រប់គ្រងប្រតិបត្តិការ

លោក សៅ រិទ្ធី

នាយកទំនាក់ទំនងអាជីវកម្ម

លោក ឆេង កក្កដា

នាយកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា

លោក ផុន វាសនា

នាយកទីផ្សារ

លោក ទង ពុទ្ធី

នាយកគ្រប់គ្រងធនធានមនុស្ស

លោកស្រី នៅ សុធារី

នាយិកាគ្រប់គ្រងឥណទាន

លោកស្រី វឿង សារិកា

នាយិកាផ្នែកច្បាប់
និងលេខាធិការក្រុមហ៊ុន

កញ្ញា ឈួ ថាវរី

នាយិកាគ្រប់គ្រងសវនកម្មផ្ទៃក្នុង

លោក អៀម សុខា

ប្រធានផ្នែកប្រតិបត្តិតាម

កញ្ញា នួន សុវណ្ណារ៉ាត់

ប្រធានផ្នែកលទ្ធកម្ម
និងជាលេខាអគ្គនាយក

សាររបស់អគ្គនាយក

ស្ថិតក្នុងបរិការណ៍ នៃកម្មវិបាក កើតចេញពីបញ្ហាប្រឈម និងភាពមិនប្រាកដប្រជា ទាំងខាងក្នុងនិងខាងក្រៅ ជាពិសេស       ការអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក និងភាពតានតឹងព្រំដែន កម្ពុជា-ថៃ, ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធនាគារ SME) បានប្រឹងប្រែងទ្វេដង រួមចំណែករក្សាលំនឹងសេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម។ ធនាគារ SME បានផ្តល់ភាពបត់បែន និងលក្ខខណ្ឌអនុគ្រោះបន្ថែម ឆ្លើយតបនឹងការចង់បានរបស់សហគ្រាសធុនតូច និងមធ្យម ជាពិសេស ក្នុងវិស័យអាទិភាព។ ជាលទ្ធផល ក្នុងឆ្នាំ២០២៥ ធនាគារសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ ដូចខាងក្រោម៖

  • បញ្ចេញឥណទានដោយផ្ទាល់សរុប បានប្រមាណ ៥៨ លានដុល្លារអាម៉េរិក ខណៈសមតុល្យឥណទានដុលសរុបកើនដល់ ២៣០ លានដុល្លារអាម៉េរិក ក្នុងនោះសមតុល្យឥណទានដុលដោយផ្ទាល់មានចំនួន ១៦៥ លានដុល្លារ
    អាម៉េរិក។
  • ផ្តល់ឥណទាន (សហហិរញ្ញប្បទាន និងឥណទានដោយផ្ទាល់) ដល់អតិថិជនសរុប  ២៨៥០ សហគ្រាស
    ក្នុងនោះអតិថិជនទទួលឥណទានដោយផ្ទាល់មាន ៥៥៦ សហគ្រាស។
  • ផ្តល់ឥណទានដោយផ្ទាល់ ដល់វិស័យអាទិភាពបាន ៧១,៨% ក្នុងនោះ ផ្នែកកម្មន្តសាល និងកែច្នៃ រួមចំណែក ៥០,២%។
  • សមតុល្យឥណទានមិនដំណើរការមាន ៨,៦៤% នៃឥណទានដុលសរុប ឬប្រមាណ ១២% នៃសមតុល្យឥណទានដោយផ្ទាល់ដុល។

ជាមួយគ្នានេះ, ធនាគារ SME បានផ្តល់អាទិភាពខ្ពស់លើការជំរុញប្រសិទ្ធភាពឥណទានដល់អតិថិជន ជាពិសេស តាមរយៈការធ្វើបរិវត្តកម្មឌីជីថល មានជាអាទិ៍ បានធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូល និងដំណោះស្រាយប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ (AML) និងបានចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធធនាគារចល័ត និងប្រព័ន្ធធនាគារ អ៊ីនធឺណិត ដោយគ្រោងដាក់ឱ្យដំណើរការជាផ្លូវការត្រឹមដំណាច់ឆ្នាំ២០២៦។ ជាមួយគ្នានេះ ការអភិវឌ្ឍជំនាញរបស់បុគ្គលិក ក៏ត្រូវបានផ្តល់ការយកចិត្តទុកដាក់តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព។

ដោយឡែក ផែនការអាជីវកម្ម ឆ្នាំ២០២៦ ដែលត្រូវបានអនុម័តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តផ្តោតលើការជំរុញកំណើនឥណទានប្រកបដោយគុណភាព តាមរយៈការផ្តល់ឥណទានដោយផ្ទាល់ ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមមាន ផលិតកម្ម, ការដំឡើង, កែច្នៃ និងកសិ-ឧស្សាហកម្ម ជាពិសេស ផលិតកម្មជំនួសឱ្យការនាំចូល។ ទន្ទឹមនេះ ការផ្តល់ឥណទានដោយផ្ទាល់បាននិងកំពុងបែរឆ្ពោះទៅរកឥណទានគ្មានទ្រព្យធានាជាបណ្តើរៗ ព្រមទាំងពង្រីកវិសាលភាពដល់សហគ្រាសមីក្រូ និងអាជីវកម្មបង្កើតថ្មី (startup)។ បន្ថែមលើនេះ ផែនការអាជីវកម្មផ្តោតការយកចិត្តទុកដាក់ផងដែរ លើការអភិវឌ្ឍ និងសាកល្បងផលិតផលឥណទានថ្មីៗដូចជា ឥណទានបៃតង និងហិរញ្ញប្បទានច្រវាក់ផ្គត់ផ្គង់(supply chain financing) ព្រមទាំង ជំរុញការគាំទ្របន្ថែមដល់សហគ្រាសធុនតូច និងមធ្យម លើសពីហិរញ្ញប្បទាន(beyond financing)។ ជារួម ផែនការអាជីវកម្ម ឆ្នាំ២០២៦ ដាក់ចេញនូវសកម្មភាពយុទ្ធសាស្រ្ត ៦ ចម្បង៖

  1. ប្រែក្លាយស្ថាប័នជាជម្រើសកន្លែងការងារសម្រាប់និយោជិត
  2. ជំរុញបរិវត្តកម្មឌីជីថល
  3. ជំរុញនវានុវត្តកម្មផលិតផលថ្មី
  4. ជំរុញការផ្តល់ឥណទានប្រកបដោយបរិយាប័ន្ន
  5. ផ្តោតលើអតិថិជនជាសំខាន់ និង
  6. បន្ថែមសេវាកម្មលើសពីការផ្តល់ហិរញ្ញប្បទាន

ជាមួយនឹងផែនការអាជីវកម្មឆ្នាំ ២០២៦ ប្រកបដោយភាពប្រាកដនិយម និងយុទ្ធសាស្រ្តជាក់លាក់, ធនាគារ SME មានសុទិដ្ឋិនិយមថា នឹងអាចជំរុញតួនាទីកាតាលីកររបស់ខ្លួនកាន់តែមានប្រសិទ្ធភាព សំដៅរួមចំណែកលើកកម្ពស់លទ្ធភាពផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកាន់តែប្រសើរ។

លោក ជា សុភ័ក្ត

អគ្គនាយក